ចូលរួមបើកពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិនៃកម្ពុជា (១៩២៦-២០២៦)

admin By admin November 4, 2026

បណ្ណសារដ្ឋានជាតិនៃកម្ពុជាមានប្រវត្តិតាំងពីសម័យអាណានិគមបារាំង ដោយចាប់ផ្តើមពីការរៀបចំប្រព័ន្ធគ្រប់គ្រង និងថែរក្សាឯកសាររដ្ឋនៅឥណ្ឌូចិន ក្នុងឆ្នាំ១៩១៧ ក្រោមការដឹកនាំរបស់លោក Paul Boudet។ ដោយឡែក ឃ្លាំងតម្កល់បណ្ណសារនៅទីក្រុងភ្នំពេញ ត្រូវបានកសាងឡើងនៅឆ្នាំ១៩២៤ និងបើកដំណើរការជាផ្លូវការនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩២៦។ ក្រោយកម្ពុជាទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣ ស្ថាប័ននេះត្រូវបានដាក់ឈ្មោះថា “បណ្ណាល័យជាតិ និងបណ្ណសារដ្ឋានជាតិ”។ ឆ្លងកាត់ការប្រែប្រួលនៃរបបនយោបាយ និងរចនាសម្ព័ន្ធរដ្ឋបាល បណ្ណសារដ្ឋានជាតិបានបន្តវិវឌ្ឍជាបន្តបន្ទាប់ ដោយនៅឆ្នាំ១៩៨៣ បានបង្កើតនាយកដ្ឋានតម្កល់ឯកសាររដ្ឋ ដើម្បីទទួលបន្ទុកដឹកនាំការគ្រប់គ្រង និងថែរក្សាឯកសាររដ្ឋ។ នៅឆ្នាំ២០១៩ បណ្ណសារដ្ឋានជាតិនៃកម្ពុជា ត្រូវបានដាក់ចំណុះអគ្គនាយកដ្ឋានរាជកិច្ច និងតម្កល់ឯកសារជាតិ នៃទីស្តីការគណៈរដ្ឋមន្ត្រី។ លុះដល់ឆ្នាំ២០២៥ នាយកដ្ឋានតម្កល់ឯកសារជាតិ ត្រូវបានប្តូរឈ្មោះជានាយកដ្ឋានបណ្ណសារជាតិវិញ។

ពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិនៃកម្ពុជានេះប្រព្រឹត្តទៅក្រោមប្រធានបទ “មួយសតវត្សរនៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ” ជាឱកាសរំលឹកដំណើររបស់ស្ថាប័នថែរក្សាមរតកឯកសារ និងបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការអភិរក្ស និងធ្វើឱ្យបណ្ណសារក្លាយជាចំណេះដឹងដែលអាចសិក្សា និងប្រើប្រាស់បាន។ បណ្ណសារដ្ឋានជាតិបានបំពេញតួនាទីជាឃ្លាំងរក្សា បណ្ណសារប្រវត្តិសាស្ត្រ សៀវភៅបុរាណ កាសែត ផែនទី និងកំណត់ត្រាសំខាន់ៗ ជាស្ពានឆ្លងកាត់របត់ប្រវត្តិសាស្ត្រ និង ជាថ្នាលចំណេះដឹងសម្រាប់អ្នកស្រាវជ្រាវ និងមនុស្សជំនាន់ក្រោយ។ ទោះឆ្លងកាត់សង្គ្រាម និងការលំបាក ក៏មរតកទាំងនេះត្រូវបានថែរក្សាមកដល់សព្វថ្ងៃ ដោយសារការលះបង់ និងស្មារតីស្រឡាញ់ជាតិ។

រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី៤ វិច្ឆិកា ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *